នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិ នៃស្រុកស៊ីធរ- កណ្តាល នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅសាលាស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តមកិត្តិនីតិ- កោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង រួមជាមួយ ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងទាំងអស់ បានអំពាវនាវអោយប្រជាពលរដ្ឋស្រុកស៊ីធរកណ្តាល ក៏ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សាសុខសន្តិភាព ដើម្បីការអភិវឌ្ឍប្រទេសជាតិ។
ទន្ទឹមនឹងការអំពាវនាវដូចខាងលើ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ក៏បានលើកឡើងពីគុណតម្លៃនៃសុខសន្តិភាពពេញលេញ ដែល ប្រទេសកម្ពុជាទទួលបានដូចពេលបច្ចុប្បន្ននេះ គឺអាស្រ័យដោយសារការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃ និងនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាមានឯកភាពជាតិ ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្ដៅ និងសប្បាយរីករាយ ថែមទាំងមានឱកាសកសាងបាននូវសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ នៅគ្រប់ទីកន្លែងទូទាំងប្រទេស។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសគ្រប់ពេលវេលា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍លើកឡើងពីកម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល ប្រជាជនទូទាំងប្រទេស និងប្រទេសជាមិត្ត ព្រមទាំងសហគមន៍អន្តរជាតិ មានការពេញចិត្ត និងគាំទ្រគ្រប់ទិសទី។ ហើយលទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយដ៏ត្រឹមត្រូវនេះ អាចឆ្លុះបញ្ចាំងបានតាមរយៈការរីកចម្រើននូវវិស័យឧស្សាហកម្ម សំណង់ កសិកម្ម សេវាកម្មទេសចរណ៍ និងអចលនទ្រព្យជាដើម ដែលបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនប្រចាំឆ្នាំក្នុងរង្វង់៧% ជាប់គ្នា ជាបន្តបន្ទាប់ ហើយគេអាចជឿជាក់បានថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិត ខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានសំណូមពរអោយសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិ នៃស្រុកស៊ីធរកណ្តាលទាំងមូល ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋអោយបានល្អ ជាពិសេស យកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាដើម៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន