សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កុមារជាអ្នកបន្តវេនប្រកបដោយសក្តានុពល កម្ពុជាបានយកចិត្តទុកដាក់អប់រំកុមារ តំាងពីឆ្នាំ១៩៧៩មក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កុមារជាអ្នកបន្តវេនប្រកបដោយសក្តានុពល កម្ពុជាបានយកចិត្តទុកដាក់អប់រំកុមារ តំាងពីឆ្នាំ១៩៧៩មក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/23/2020 10:51:45 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា កុមារជាអ្នកបន្តវេន ប្រកបដោយធនធានសក្តានុពលរបស់ ប្រទេសជាតិ។ កុមារជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព សេចក្ដីថ្លៃថ្នូរ ដើម្បីរួមចំណែកកាត់បន្ថយ គម្លាតសង្គម។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅក្នុងឱកាសសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសាលាបឋម សិក្សាតាសួស ស្ថិតនៅភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលឧបត្ថម្ភការសាងសង់ដោយអង្គការស្គូលអេដ ជប៉ុន។

សម្តេចបានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះការអប់រំរៀនសូត្ររបស់កុមារ មិនមែនជាកិច្ចការថ្មីនោះទេ រាជរដ្ឋាភិបាលកម្ពុជា បានផ្តើមយកចិត្តទុកដាក់អនុវត្ត តាំងពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ មកម្ល៉េះ ហើយថា ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ កម្ពុជាបានបង្កលក្ខណៈឱ្យយុវជនជំនាន់ក្រោយៗ ទទួលបានការសិក្សាពេញលេញ រហូតទទួលបានសញ្ញាបត្រ បរិញ្ញាបត្ររាប់ពាន់នាក់ ក្នុងមួយឆ្នាំៗ មានឱកាសធ្វើការងារ និងមានមុខរបរដូចនឹងបណ្តាប្រជាជាតិក្នុងតំបន់ និងបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកប ដោយចីរភាព និងការកាត់បន្ថយអត្រានៃភាពក្រីក្រនៅក្នុងប្រទេសជាតិ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា កុមារនៅកម្ពុជាត្រូវបានការពារ ការជួយឧបត្ថម្ភគាំទ្រ ការចិញ្ចឹមបីបាច់ ថែរក្សា ការផ្តល់អាហារូបត្ថម្ភ ការអប់រំរៀនសូត្រ ត្រូវបានលើកតម្កើងជាបន្តបន្ទាប់។ សម្តេចបានបន្តថា “យុវជនជាសសរទ្រូង ជាកម្លាំងស្នូល ដែលនឹងក្លាយជាអ្នកដឹកនាំនៅក្នុងពេលអនាគត ដែលពួកគេនឹងក្លាយជាអ្នកដឹកនាំ គ្រប់គ្រងស្ថាប័នក្លាយជាមេគ្រួសារ។ កម្ពុជាតែងយកចិត្តទុកដាក់ក្នុងកិច្ចគាំពារ និងជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមធម៌ ដើម្បីផ្តល់ឱកាសដល់កុមារគ្រប់រូប ទទួលបាននូវការគាំពារតាំងពីកុមារភាព។ ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺកុមារទាំងអស់ត្រូវទទួលបានការគាំពារ ការអប់រំកម្រិត មតេយ្យសិក្សា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឱ្យពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរៀនទៅតាមកម្រិត នៃបឋមសិក្សា”។

សូមជម្រាបថា អគារសិក្សាថ្មីមួយខ្នង មាន៥បន្ទប់ ដែលសម្ពោធ និងដាក់ឱ្យប្រើប្រាស់នាពេលនេះ ជាការឧបត្ថម្ភរបស់អង្គការស្គូលអេដ ជប៉ុន។ អង្គការនេះ បានសាងសង់អាគារសិក្សាជាច្រើនខ្នងនៅទូទាំងប្រទេស ដែលសរុបមកដល់ពេលនេះ មានចំនួន២៦៤អគារ ស្មើនឹងទឹកប្រាក់ប្រមាណជាង១០លានដុល្លារអាមេរិក។ សម្រាប់២០២០ និង២០២១ អង្គការស្គូលអេដជប៉ុន មានគម្រោងសាងសង់ អគារសិក្សា២០អាគារបន្ថែមទៀត។ ក្រៅពីការកសាងអគារសិក្សា អង្គការស្គូលអេដជប៉ុន នៅមានសកម្មភាពផ្សេងៗទៀត ដូចជា ផ្តល់អាហារូបករណ៍ ជាស្បៀង សម្ភារៈសិក្សា និងសំលៀកបំពាក់ដល់សិស្សក្រីក្រទៀតផង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណ ឯកឧត្តម វ៉ាតាណាបេ មិគិ អតីតសមាជិកសភាជប៉ុន និងជាប្រធាន អង្គការស្គូលអេដជប៉ុន ប្រចាំកម្ពុជា ព្រមទាំងសហការី និងសប្បុរសជនជប៉ុន ដែលបានរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចជាកាលតែងបានផ្តល់ ការឧបត្ថម្ភគាំទ្រលើគ្រប់វិស័យ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា តាំងពីដំណាក់កាលស្វែងរកសន្តិភាព ស្តារ និងអភិវឌ្ឍន៍ ប្រទេស រហូតមកដល់ពេលបច្ចុប្បន្ននេះ។ វឌ្ឍនភាព និងការអភិវឌ្ឍរបស់កម្ពុជាសម្រេចបាននាពេលបច្ចុប្បន្ន ពិតជាមិនអាចកាត់ផ្តាច់ពី ជំនួយដ៏ថ្លៃថ្លារបស់មិត្តជប៉ុន នោះឡើយ។

នៅក្នុងឱកាសនោះ សម្តេចបានអំពាវនាវដល់មាតាបិតាទំាងអស់ ត្រូវបញ្ជូនកូនគ្រប់អាយុសិក្សា ទៅសាលារៀនឲ្យបានគ្រប់ៗគ្នា។ សម្តេចបានផ្តាំផ្ញើដល់យុវជន គោរពច្បាប់ចរាចរណ៍ និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន។ ប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ចុះស្វែងយល់ទុក្ខលំបាក និងដោះស្រាយបញ្ហាពលរដ្ឋឲ្យទាន់ពេលវេលា ពិសេសចូលរួមដោះស្រាយរាល់បញ្ហា របស់កុមារដោយហេតុថា ការយកចិត្តទុកដាក់ ការផ្តល់ការអប់រំដល់កុមារ ជាភារកិច្ចទំាងអស់គ្នា មានរាជរដ្ឋាភិបាល ក្រសួងអប់រំ អាជ្ញាធរ អង្គការសមាគម សហគមន៍ លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្ស ជាដើម៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន