សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ មានសន្តិភាព គឺមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិលើកកម្ពស់ជីវភាពពលរដ្ឋ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ មានសន្តិភាព គឺមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិលើកកម្ពស់ជីវភាពពលរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/22/2020 7:59:09 PM )

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តក្បាលដំរី ស្ថិតនៅឃុំ ត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា នៅពេលប្រទេសជាតិមានសុខសន្តិភាពដូចជាសព្វថ្ងៃនេះ គឺកម្ពុជាមានឱកាសធ្វើអ្វីៗបានទំាងអស់ ក្នុងនោះគឺលទ្ធភាព កសាងអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ ឲ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សន្តិភាពគឺជាធាតុស្នូលដ៏សំខាន់ ដែលអាចឱ្យកម្ពុជាធ្វើការអភិវឌ្ឍន៍ឆ្ពោះទៅរកអនាគត ដ៏ត្រចះត្រចង់មួយ ប្រកបដោយសុទិដ្ឋិនិយម។ នៅចំពោះមុខព្រះសង្ឃ និងពលរដ្ឋជាច្រើនរយនាក់  សម្តេចបានលើកឡើងថា “អនាគត របស់កម្ពុជា ស្ថិតនៅលើកិច្ចប្រឹងប្រែង និងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់យើងទាំងអស់គ្នា ទាំងក្នុងការបង្កើនជីវភាពគ្រួសារ រក្សាសន្តិសុខ សុវត្ថិភាពមូលដ្ឋាន កសាងធនធានមនុស្ស និងការអប់រំជាប្រចាំដល់អ្នកនៅជុំវិញខ្លួនឲ្យយល់ពីគុណតម្លៃ នៃសន្តិភាព និងចូលរួមជាប្រចាំ ក្នុងការថែរក្សាសន្តិភាពឲ្យបានជានិច្ចនិរន្តន៍”។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបានពុះពារជម្នះរាល់គ្រប់ឧបសគ្គ ច្រើនឥតគណនា ឆ្លងកាត់គ្រប់ដំណាក់កាល គ្រប់បែបយ៉ាង គ្រប់រសជាតិ ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ។ ជាង២០ឆ្នាំ ចុងក្រោយនេះ ប្រទេសបានធ្វើការអភិវឌ្ឍក្នុងល្បឿនមួយ ដែលឆ្ពោះទៅរកការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ គួរឲ្យ កត់សម្គាល់។ សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋថា ចាំបាច់ត្រូវការពារ សន្តិភាពជាអចិន្រ្តៃយ៍ឱ្យបាន  ទោះក្នុងតម្លៃណាក៏ដោយ ដើម្បី កម្ពុជាមានឱកាសគ្រប់គ្រាន់បន្តការកសាងអភិវឌ្ឍសង្គមជាតិ និងការពារសមិទ្ធផលនានា ដែលសម្រេចបាន ដើម្បីផ្តល់ប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនរស់នៅសុខសាន្ត តទៅមុខទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ជម្រាបពលរដ្ឋថា  រាជរដ្ឋាភិបាល បានរៀបចំគោលនយោបាយ និងច្បាប់ វិនិយោគត្រឹមត្រូវ ក្នុងការបើកចំហរ និងលើកទឹកចិត្តដល់អ្នកវិនិយោគជាតិ និងអន្តរជាតិគ្រប់ប្រភេទ។ យុទ្ធសាស្រ្តរាជរដ្ឋាភិបាលក្នុង គោលដៅបង្កើតប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ និងប្រព័ន្ធឡូជីស្ទីក ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងការអភិវឌ្ឍរបៀងសេដ្ឋកិច្ច និងការពង្រាយរោងចក្រ ទៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ តួរយ៉ាងដូចជា  រោងចក្រកែច្នៃកៅស៊ូ និងផ្លែស្វាយ ក្នុងខេត្ត ត្បូងឃ្មុំជាដើម ដើម្បីបង្កើតការងារជូនពលរដ្ឋនៅនឹងកន្លែង ក្នុងគោលបំណងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ការកាត់បន្ថយគម្លាត រវាងទីក្រុង និងជនបទ ក៏ដូចជាការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជន។

ជាមួយគ្នានេះ រដ្ឋសភាបានអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០២០ ដែលក្នុងនោះមានកញ្ចប់ថវិកា សម្រាប់បន្តជំរុញការអភិវឌ្ឍថ្នាក់មូលដ្ឋាន ដោយឃុំសង្កាត់នីមួយៗ ទទួលបានថវិកាសរុបជាមធ្យមចំនួន ប្រមាណជាង១០ម៉ឺនដុល្លារ ហើយថវិកានេះនឹងកើនឡើងជាលំដាប់។ ជាមួយនឹងកញ្ចប់ថវិកានេះ ឃុំ សង្កាត់ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍គ្រប់ផ្នែក ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងស្របតាមសកម្មភាពអាទិភាពរបស់ខ្លួន។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចប្រធានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តក្បាលដំរី ដែលបាន រួមគ្នាកសាងសមទ្ធិផលជាច្រើនក្នុងវត្តជាការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា។ សម្តេចបានមានប្រសាសន៍ថា វត្តអារាមគឺជាមូលដ្ឋាន ចំបង ក្នុងការបញ្ជ្រៀប ផ្សព្វផ្សាយព្រះធម្មវិន័យ និងព្រះធម៌ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំកាយ វាចា ចិត្ត ដ៏ប្រពៃសម្រាប់ ប្រជាពលរដ្ឋគ្រប់ៗរូប ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុម ក្នុងគ្រួសារ និងសង្គមជាតិ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន