ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជា ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ជប៉ុន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម IMAMURA Masahiro ប្រធានគណៈប្រតិភូ ក្រុមមិត្តភាពសភាជប៉ុន-កម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដើម្បីពង្រឹងកិច្ចសហ- ប្រតិបត្តិការវិស័យកិច្ចការបរទេសរវាងរដ្ឋសភាកម្ពុជា និងសភាជប៉ុន អោយកាន់តែរឹងមាំថែមទៀត។
ឯកឧត្តម IMAMURA Masahiro បានជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមមិត្តភាពសភាជប៉ុន-កម្ពុជា មកកាន់ ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រុមមិត្តភាពសភា នៃប្រទេសទាំងពីរផង និងចង់ ស្វែងយល់ផងដែរពីកិច្ចសហប្រតិបត្តិការ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Keizo Obuchi ដែលបានជួយលើវិស័យដោះមីននៅ កម្ពុជា និងសមិទ្ធិផលផ្សេងៗទៀត ដែលអតីតនាយករដ្ឋមន្ត្រីជប៉ុនបានជួយដល់កម្ពុជា។
ឯកឧត្តម IMAMURA Masahiro បានធ្វើការកត់សម្គាល់ផងដែរពីការរីកចម្រើនលូតលាស់របស់ព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ក៏បានជូនពរ សូមអោយព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យនៅក្នុងការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ ២០២០នេះ។
ឯកឧត្តមប្រធានគណៈប្រតិភូ ក៏ចង់អោយថ្នាក់ដឹកនាំកម្ពុជាអញ្ជើញទៅចូលរួមនៅអំឡុងការប្រកួតកីឡាស៊ីហ្គេម ដែលប្រទេសជប៉ុននឹង ធ្វើជាម្ចាស់ផ្ទះរៀបចំនាពេលខាងមុខផងដែរ។
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-ជប៉ុន បានមានប្រសាសន៍ថា ការរីកចម្រើន របស់ព្រះរាជាណាចក្រកម្ពុជារហូតមកដល់សព្វថ្ងៃនេះ ក៏មានការួមចំណែករបស់ប្រទេសជប៉ុន ក្នុងការជួយស្វែងរកសន្តិភាពនៅកម្ពុជា និងមួយចំណែកទៀត គឺជាគោលនយោបាយ និងយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យមានសន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍បន្តថា បើគ្មាន សន្តិភាព ក៏គ្មានការអភិវឌ្ឍដែរ។ ឯកឧត្តម ឈាង វុន បានបន្ថែមថា ដូចឯកឧត្តម និងគណៈប្រតិភូ បានដឹងរួចមកហើយថា ប្រទេស កម្ពុជា បានទទួលរងគ្រោះដោយភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍ និងបានបន្សល់នូវគ្រាប់មីនជាច្រើនកប់នៅក្នុងដី ដែលបណ្តាលអោយ ប្រជាពលរដ្ឋទទួលរងគ្រោះ។ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភា សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបាន ផ្តល់ជំនួយលើវិស័យដោះមីនដល់កម្ពុជា ក៏ដូចជាវិស័យផ្សេងៗទៀត។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ ជូនដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងចូលរួមចំណែកជួយស្តាហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យនៅកម្ពុជា។ ទន្ទឹមនឹងនោះ ជប៉ុនបានជួយគាំទ្រកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ដែលបានផ្តល់ដល់យុវជននូវចំណេះដឹង និងការផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ប្រពៃណីគ្នាទៅវិញទៅមក ជាទុនពុទ្ធិដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន