បន្ទាប់ពីបានទទួលជួបសវនាការជាមួយអនុប្រធានរដ្ឋវៀតណាមហើយ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានរដ្ឋសភាអូស្រ្តាលី ខណៈសម្តេច និងលោកជំទាវ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៨ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នាទីក្រុងកង់បេរ៉ា។
ប្រធានរដ្ឋសភាប្រទេសទំាងពីរ បានសម្តែងការគំាទ្រចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលប្រទេសទំាងពីរ ដែលបានអនុវត្ត កន្លងមក ជាពិសេសលទ្ធផលដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ទៅកាន់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ បាន ផ្តល់នូវផ្លែផ្កា ដែលបម្រើដល់ផលប្រយោជន៍ប្រទេស និងប្រជាជនទំាងសងខាង។ នាយករដ្ឋមន្រ្តីកម្ពុជា និងឡាវ បានឯកភាពគ្នា លើកកម្ពស់ទំនាក់ទំនងដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាប សមភាគីឡាវថា កាលពីពេលថ្មីៗនេះ រដ្ឋសភាកម្ពុជា ទើបបានអនុម័តយល់ព្រម លើគម្រោងទិញថាមពលអគ្គិសនី ពីរោងចក្រផលិតអគ្គិសនី ដោយធ្យូងថ្មពីឡាវ មានអនុភាព២៤០០MW(ម៉េហ្គាវ៉ាត់)។ គម្រោងនេះ បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រទេសទំាងពីរ។
លោកជំទាវ ផានី យ៉ាថូទូ ស្នើសុំសម្តេចប្រធានរដ្ឋសភា ជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ បន្ថែមទៀត ជាពិសេសដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងក្រុមមិត្តសភារដ្ឋសភាប្រទសទំាងពីរ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន