គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានអញ្ជើញចុះបំពេញបេសកកម្ម ការងារនៅខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដើម្បីសិក្សាស្វែងយល់ពីវិស័យការងារពាក់ព័ន្ធនឹងការទទួលបន្ទុករបស់ គណៈកម្មការ។
នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និង ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្ត លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា បេសកកម្ម របស់គណៈកម្មការមកកាន់ខេត្តមណ្ឌលគិរីពេលនេះ គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ ការអនុវត្តច្បាប់ និងបញ្ហាប្រឈម ក៏ដូចជា ពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានរាយការណ៍ជូនគណៈកម្មការជំនាញរបស់រដ្ឋសភា អំពី សភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក និងផែនការ ទិសដៅអនុវត្តន៍បន្ត ទៅតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ រដ្ឋបាល ខេត្តមណ្ឌលគិរី បានបន្តការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតសេវាសាធារណៈរបស់រដ្ឋឲ្យជិតប្រជាពលរដ្ឋ ឆ្លើយតបនឹងតម្រូវការ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ បានទាន់ពេល វេលា។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ខេត្តមណ្ឌលគិរីបច្ចុប្បន្នមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងបានក្លាយជាតំបន់អភិវឌ្ឍន៍ គួរជាទីមោទនៈ ដែលមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាពិសេសបាន អភិវឌ្ឍន៍វិស័យធំៗមាន វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យរ៉ែ ដែលកំពុងដើរតួយ៉ាងសំខាន់ សម្រាប់ជួយលើកកម្ពស់កំណើន សេដ្ឋកិច្ចជាតិ។
នៅក្នុងឱកាសនោះដែរ លោក លោកស្រី ជាប្រធានមន្ទីរពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ក៏បានរាយការណ៍លំអិតជូន គណៈប្រតិភូរដ្ឋសភា អំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗដែលមន្ទីរសម្រេចបាន។
ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី និងមន្ទីរពាក់ព័ន្ធ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួនជូន លោកជំទាវ និន សាផុន ជួយធ្វើអន្តរាគមន៍រកដំណោះស្រាយផងដែរ។
ក្រោយពីបានស្តាប់នូវរបាយការណ៍របស់អាជ្ញាធរខេត្តរួច លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំធ្វើឲ្យសម្រេចបាននូវសមិទ្ធផលជាច្រើន ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។ លោកជំទាវ ប្រធានក៏បានផ្តល់ជាអនុសាសន៍ជាច្រើន ក្នុងការកែលម្អការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ដើម្បីឆ្លើយ តបចំពោះតម្រូវការរបស់ពលរដ្ឋ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
ចំពោះបញ្ហាប្រឈម និងសំណូមពររបស់អាជ្ញាធរខេត្ត លោកជំទាវប្រធានគណៈកម្មការ សន្យាថានឹងពាំនាំជូនទៅរាជរដ្ឋាភិបាល ដោះស្រាយ តាមរយៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន