គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ បានប្រជុំផ្ទៃក្នុងពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ចំនួន៦ ពាក់ព័ន្ធនឹងការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រុមហ៊ុនមួយចំនួន ទាក់ទងនឹងការអភិវឌ្ឍវិស័យអគ្គិសនី នៅកម្ពុជា ក្នុងគោលបំណង ផ្តល់នូវ ជំនឿទុកចិត្ត ដើម្បីបង្កើតបរិយាកាសទាក់ទាញនូវលំហូទុនវិនិយោគទាំងក្នុងនិងក្រៅប្រទេស។ កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការបានមានប្រសាន៍ថា សេចក្តីព្រាងច្បាប់ទាំង៦ ដែលគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានទទួលពីគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា មកពិនិត្យសិក្សារួមមាន៖
១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហ្រ្គីន សឺស្តែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង។
២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ធីអេសប៊ីភី សេកុង ផៅវ័រ អ៊ែន មីនើរ៉ល ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្ តបន្ទាយមានជ័យ។
៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន សេកុង សឺមម័ល ផៅវ័រ ផ្លេន ខមភេនី លីមីតធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
៥- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន រ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង។
៦- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។
បន្ទាប់ពីការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទំាង៦ខាងលើនេះរួចមក គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានឯកភាពរក្សា ខ្លឹមសារដើមទាំងស្រុង នៃសេចក្ដីព្រាងច្បាប់ ហើយគ្រោងនឹងអញ្ជើញ តំណាងរាជរដ្ឋាភិបាល មកជួបពិភាក្សា ដើម្បីសុំការបំភ្លឺបន្ថែម ក្នុងពេលខាងមុខ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍវិស័យថាមពល ដែលបានលើកឡើងនៅក្នុងសេចក្តីព្រាងច្បាប់ ខាងលើ។