លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា និងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការបញ្ជ្រាបការយល់ដឹង និងបង្កើតយន្តការ ការពារគ្រប់គ្រងជំងឺមិនឆ្លង និងការប្រើប្រាស់ថ្នាំជក់នៅថ្នាក់មូលដ្ឋាន ដែលមានការអញ្ជើញចូលរួមពី សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ប្រចាំមណ្ឌល ភូមិភាគ និងថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ទូទាំងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ប្រមាណ៣០០នាក់ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ចាម ។
អង្គសិក្ខាសាលានេះមានរយៈពេលពេញមួយថ្ងៃ រៀបចំឡើងដោយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា សហការជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម ក្រោមការជួយឧបត្ថម្ភពីអង្គការ សុខភាពពិភពលោក (WHO)។
លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា ដោយមើលឃើញថា ប្រជាជនកម្ពុជាកំពុងរងនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីបញ្ហាជំងឺ មិនឆ្លង ដោយសារការមិនបានយល់ដឹងពីហានិភ័យ និងវិធានការការពារ នៃជំងឺមិនឆ្លង ដែលជាឃាតករដ៏ស្ងាត់ស្ងៀម និងបានសម្លាប់ មនុស្ស១៦៣នាក់ក្នុង១ថ្ងៃ ទើបគណៈកម្មការរចុះរៀបចំសិក្ខាសាលានេះឡើង។ សិក្ខាសាលានាពេលនេះ មានគោលបំណងដើម្បី បញ្ជ្រាបការយល់ដឹង និងក្របខ័ណ្ឌសកលនៃស្ថានភាពជំងឺមិនឆ្លង។ ផ្សព្វផ្សាយលិខិតបទដ្ឋានឯកសារគោលនយោបាយធំៗថ្នាក់ជាតិ ស្តីពីការបង្ការការគ្រប់គ្រងជំងឹមិនឆ្លង។ ពិភាក្សាស្វែងរកយន្តការនៅថ្នាក់មូលដ្ឋាន ដែលឆ្លើយតបនឹងជំងឺមិនឆ្លង។ បង្កើតជាវេទិកាអន្តរ វិស័យនៃការពិភាក្សាបញ្ហាជំងឺមិនឆ្លងសម្រាប់សហគមន៏។
លោកជំទាវប្រធានគណៈកម្មការ បានបញ្ជាក់ថា បញ្ហាលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ គឺមិនត្រឹមតែជាតួនាទីភារកិច្ចរបស់ក្រសួង សុខាភិបាលតែមួយនោះទេ គឺទាមទារឲ្យគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជននានា រួមទាំងប្រជាជនគ្រប់រូបផងដែរ ត្រូវចូល រួមបង្ការ ការពារ ប្រយុទ្ធនឹងជំងឺមិនឆ្លងគ្រប់ប្រភេទ ព្រោះជំងឺមិនឆ្លងចំនួន៨០ភាគរយ គឺយើងទាំងអស់គ្នាអាចបង្ការ និងការពារបាន ដោយបុគ្គលខ្លួនឯងផ្ទាល់។
ឯកឧត្តម ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ យោងតាមនិន្នាការប្រជា- សាស្ត្រព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលបានឈានទៅកាន់សង្គមមួយ ដែលមានមនុស្សវ័យចំណាស់កាន់តែច្រើន។ ដោយឡែក និន្នាការអេពីដេមីសាស្រ្ត បានបង្ហាញពីសន្ទុះកើនឡើងនៃជំងឺមិនឆ្លង ដែលមានជាអាទ៍ ជំងឺទឹកនោមផ្អែម ឡើងសម្ពាធឈាម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។ ការស្លាប់មុនអាយុកាលរំពឹងទុកដែលបណ្ដាលមកពីជំងឺមិនឆ្លង ក៏កំពុងជាបញ្ហាគួរឲ្យព្រួយបារម្ភ ខណៈពេលដែល កត្តាហានិភ័យនាំទៅរកជំងឺមិនឆ្លង កំពុងស្ថិតក្នុងនិន្នាការត្រូវប្រុងប្រយ័ត្នខ្ពស់។
ឯកឧត្តម ហាន កុសល បានបន្តថា វិធានការបង្ការជម្ងឺមិនឆ្លង ឬបន្ថយការប្រឈម និងកត្តាហានិភ័យនៃជំងឺប្រភេទនេះ ត្រូវចាប់ផ្ដើមពី បុគ្គលម្នាក់ៗ ពីគ្រួសារនីមួយៗ ពីសហគមន៍នីមួយៗ ទៅសង្គមជាតិទាំងមូល តាមរយៈសកម្មភាពអប់រំលើកកម្ពស់សុខភាព ដើម្បីឱ្យ ប្រជាពលរដ្ឋប្រកាន់យកឥរិយាបថរស់នៅមានសុខុមាលភាព ដែលមិនប្រឈមទៅនឹងកត្តាហានិភ័យនៃជំងឺមិនឆ្លង។
លោកស្រីវេជ្ជបណ្ឌិត លី អាយឡាន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា សមាជិកសភា មានតួនាទីសំខាន់ណាស់ក្នុងការជួយដោះស្រាយបញ្ហាជំងឺមិនឆ្លង និងការត្រួតពិនិត្យថ្នាំជក់ជាដើម ពិសេសគឺការអនុម័តច្បាប់សម្រាប់សុខភាព ការកៀងគរធនធានហិរញ្ញវត្ថុ ការត្រួតពិនិត្យការអនុវត្តច្បាប់ គោលនយោបាយរបស់ស្ថាប័ន នីតិប្រតិបត្តិ និងការចូលរួមជាមួយប្រជាពលរដ្ឋ និងសហគមន៍។
លោកស្រីបានលើកឡើងថា ជំងឺមិនឆ្លងត្រូវបានប៉ាន់ប្រមាណថា មានអត្រា៧១ភាគរយនៃចំនួនអ្នកស្លាប់សរុបចំនួន ៥៧លាននាក់ ទូទាំងពិភពលោក។ ៦៤ភាគរយនៃការស្លាប់ទាំងអស់នៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំមុន គឺបណ្តាលមកពីជំងឺមិនឆ្លង។ ការកើនឡើង ហានិភ័យនៃជំងឺមិនឆ្លងគឺដោយសារតែការប្រើប្រាស់ថ្នាំជក់ របបអាហារមិនល្អ ការថយចុះសកម្មភាពរាងកាយ និងការប្រើប្រាស់គ្រឿង ស្រវឹងដែលបង្កគ្រោះថ្នាក់។ ប្រទេសកម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលត្រូវបានធ្វើការអង្កេតដោយ ក្រុមការងារ WHO FCTC ស្ដីពីការត្រួតពិនិត្យថ្នាំជក់ និងរបស់UNIATF ស្ដីពីជំងឺមិនឆ្លង។ របាយការណ៍អង្កេតបានបង្ហាញថា ការខាតបង់ សេដ្ឋកិច្ច ការចំណាយដោយផ្ទាល់ និងដោយប្រយោល ដោយសារជំងឺមិនឆ្លង មានចំនួន៥.៩៧ពាន់ពាន់លានរៀលស្មើនឹង៦.៦ភាគរយ នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០១៨។
បន្ទាប់ពីបានដំណើរការពេញ១ថ្ងៃ ដោយមានការធ្វើបទបង្ហាញរបស់ថ្នាក់ដឹកនាំ ប្រចាំមន្ទីរពេទ្យខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងមានការ ពិភាក្សាគ្នាយ៉ាងផុលផុសរួចមក លោកជំទាវ ឡោក ខេង បានវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ ដែលបានចូលរួម និងបានយល់ ដឹងពីហានិភ័យដែលបណ្តាលអោយកើតមានជំងឹមិនឆ្លង ក៏ដូចជាវិធានការការពារទាំងឡាយ ដែលវាគ្មិនជំនាញបានធ្វើបទបង្ហាញ។
លោកជំទាវសង្ឃឹមថា បន្ទាប់ពីអង្គសិក្ខាសាលានេះទៅ សិក្ខាកាមដែលបានចូលរួមទាំងអស់នឹងធ្វើជាជនគំរូសកម្ម ក្នុងការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋបានយល់ដឹងពីហានិភ័យ និងវិធានការការពារនៃជំងឹមិនឆ្លង នៅតាមមូលដ្ឋានរបស់ខ្លួន និងនៅពេលមានការរៀបចំ ធ្វើវេទិកាសាធារណៈ ភូមិឃុំមានសុវត្ថិភាព ជាដើម។
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន