ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានសភាកម្ពុជារៀបចំពិធីបិទវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ ស្តីពីការវាយតម្លៃរបស់សភាលើគោលនយោបាយសាធារណៈ
អគ្គលេខាធិការដ្ឋានសភាកម្ពុជារៀបចំពិធីបិទវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ ស្តីពីការវាយតម្លៃរបស់សភាលើគោលនយោបាយសាធារណៈ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/7/2019 11:49:52 PM )

នៅរសៀលថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទ និងចែកវិញ្ញាបនបត្រជូនសិក្ខាកាម ដែលចូលរួមក្នុងវគ្គបណ្តុះ- បណ្តាលថ្នាក់តំបន់ស្តីពី “ការវាយតម្លៃរបស់សភាលើគោលនយោបាយសាធារណៈ” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខា- ធិការព្រឹទ្ធសភា ជូនដល់មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ វៀតណាម និងថៃ ចំនួន៨០នាក់ នៅវិមានព្រឹទ្ធសភា។

ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានលើកឡើងថា ក្នុងរយៈពេល៣ថ្ងៃកន្លង ទៅនេះ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រធានបទនៃវគ្គបណ្ដុះបណ្ដាល គឺមានលក្ខណៈប្លែកពីលើកមុនៗ ដោយវគ្គមុន មានប្រធានបទទាក់ទងនឹងច្បាប់រដ្ឋបាល នីតិវិធី និងបច្ចេកទេស ដោយឡែកវគ្គបណ្តុះបណ្តាលលើកនេះ គឺបានលើកយកការវាយតម្លៃ របស់សភា ទៅលើការងាររដ្ឋបាល។

ឯកឧត្តមបន្តថា វគ្គបណ្តុះបណ្តាលនេះ មានគោលដៅនឹងផ្ដល់ឲ្យមន្ត្រីសភា ស្វែងយល់អំពីទស្សនៈវិស័យ លើការងារដែលពាក់ព័ន្ធនឹង វិស័យនយោបាយ ក្នុងកម្រិតមួយលើសពីចំណេះដឹងការងាររដ្ឋបាល និងបច្ចេកទេស។ ហើយនេះក៏ជាឱកាសដើម្បីឲ្យមន្ត្រីរបស់យើង បានទទួលនូវបទពិសោធន៍ ដែលចែករំលែកអំពីសភាដ៏ទៃក្នុងក្របខណ្ឌហ្រ្វង់កូហ្វូនផងដែរ។

ឯកឧត្តមបានលើកឡើងបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ បានបង្ហាញអំពីនីតិវិធីដល់មន្ត្រីសភា សម្រាប់ការសិក្សាវិភាគលើគម្រោងនានា របស់រដ្ឋាភិបាលលើគ្រប់វិស័យជាអាទិ៍ វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ សង្គម វប្បធម៌ បរិស្ថាន បច្ចេកទេស វិទ្យាសាស្រ្ត ។ល។

សូមបញ្ជាក់ផងដែរថា ពិធីបិទវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា តំណាងព្រឹទ្ធសភា និងរដ្ឋសភាបារាំង តំណាងរដ្ឋសភាកាណាដា តំណាងរដ្ឋសភារ៉ូវ៉ាន់ដា និងថៃឡង់ តំណាងសភានិយាយភាសាបារាំង (APF) ព្រមទាំងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភារដ្ឋសភាផងដែរ។

នៅចុងបញ្ចប់នៃពិធីបិទវគ្គបណ្តុះបណ្តាលនេះ ក៏មានការប្រគល់នូវវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនសិក្ខាកាម ប្រមាណ៨០នាក់ ផង ដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន