វគ្គបណ្តុះបណ្តាលស្តីពី លទ្ធកម្មសាធារណៈ រជ្ជទេយ្យបុរេប្រទាន និងនីតិវិធីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ រយៈពេលបីថ្ងៃ ដល់មន្រ្តី អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបិទបញ្ចប់ដោយជោគជ័យ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
វគ្គបណ្តុះបណ្តាល ដែលផ្តើមពីថ្ងៃទី៤ ខែវិច្ឆិកា មក មានវាគ្មិន និងគ្រូបង្គោលជាច្រើន មកធ្វើបទបង្ហាញ ក្នុងនោះមានមកពីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាដើម។ គ្រូបង្គោលនីមួយៗបានធ្វើបទបង្ហាញដល់សិក្ខាកាមពីនីតិវិធីរៀបចំថវិកា ការអនុវត្តជាក់ស្តែងស្តីពី នីតិវិធីរៀបចំថវិកា នីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទាន សម្រាប់ថវិកាកម្មវិធី និងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈជាដើម។
ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា ដែលបានអញ្ជើញជាអធិបតីបិទវគ្គសិក្សានេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី បានលើកឡើង ថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ និងជាឱកាសដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និងលើកកម្ពស់ការយល់ដឹង សំដៅរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចជោគជ័យ ប្រកបដោយ ប្រសិទ្ធភាព និងបានឆ្លើយតបពិតប្រាកដទៅនឹងតម្រូវការសម្រាប់ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍន៍សមត្ថភាព គឺជាជោគជ័យដ៏សំខាន់មួយទៀត សម្រាប់មន្ត្រីរាជការ ជាពិសេសមន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងចីរភាព នៃការអនុវត្តការកែទម្រង់លេីគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
វគ្គបណ្តុះបណ្តាលស្តីពីលទ្ធកម្មសាធារណៈ រជ្ជទេយ្យបុរេប្រទាន និងនីតិវិធីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ រៀបចំដោយអគ្គលេខាធិការដ្ឋាន រដ្ឋសភា ដោយសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសិក្ខាកាមចំនួន៨១នាក់ ចូលរួម។
ឯកឧត្តម មិត្ត ការ៉េន សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងមានវគ្គ បណ្តុះបណ្តាលបន្តបន្ទាប់ទៀត៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន