ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ជំរុញអាជ្ញាធរ ស្រុក ឃុំ បម្រើពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់
តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ជំរុញអាជ្ញាធរ ស្រុក ឃុំ បម្រើពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/19/2019 5:37:37 AM )

តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង មាន ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា បានជំរុញក្រុមប្រឹក្សា ស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិ ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព ពិសេសផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ និងមានប្រសិទ្ធភាព។

តំណាងរាស្រ្តទាំងពីរបានគូសបញ្ជាក់ថា សុខសុវត្ថិភាពប្រជាពលរដ្ឋ គឺជាតម្រូវការសំខាន់ដែលពលរដ្ឋចង់បាន ដូច្នេះត្រូវយកចិត្តទុកដាក់ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលត្រូវលុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅមូលដ្ឋាន និងត្រូវអប់រំ ពលរដ្ឋ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ជាដើម។

តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានលើកឡើង រាល់សំណូមពរខាងលើនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នៅសាលាស្រុកកំពង់ត្របែក។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប និង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋផងដែរ។ តំណាងរាស្រ្តបានគូសបញ្ជាក់ថា សម្តេច ទាំងបី ទោះជារវល់មានភារកិច្ចច្រើនយ៉ាងណាក្តី ក៏តែងតែផ្តាំផ្ញើរ និងយកចិត្តទុកដាក់ជាខ្លំាង ពីជីវភាពរស់នៅរបស់អាជ្ញាធរ និង ប្រជាពលរដ្ឋជានិច្ច។

ឯកឧត្តមតំណាងរាស្រ្តបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅស្រុកកំពង់ត្របែក និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានថែរក្សា សុខសន្តិភាពជាមួយរាជរដ្ឋាភិបាល ជារហូតមក។

ទាំង ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ទាំង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានលើកឡើងថា ក្នុងអាណត្តិទី៦នេះ រដ្ឋសភា ក៏ដូចជារដ្ឋាភិបាល បានអនុវត្តថវិកាឆ្នាំ២០១៩ ប្រកបដោយបរិយាបន្ន និងសមធម៌ ដោយធ្វើអោយសេដ្ឋកិច្ចជាតិមានកំណើនប្រចាំឆ្នាំ ក្នុងរង្វង់៧%។ ប្រទេសជាតិមានការរីកចម្រើនលើវិស័យឧស្សាហកម្ម សំណង់ កសិកម្ម សេវាកម្មទេសចរណ៍ និងអចលនទ្រព្យ។ កម្ពុជា នឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន