ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឃួន សុដារី បានលើកឡើងពីសារៈសំខាន់នៃប្រព័ន្ធពហុភាគីនិយម ដោយផ្អែកលើវិធានច្បាប់ ក្នុងការកសាងសណ្តាប់ធា្នប់អន្តរជាតិ និងតម្លៃនៃសន្តិភាព និងស្ថិរភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃ
លោកជំទាវ ឃួន សុដារី បានលើកឡើងពីសារៈសំខាន់នៃប្រព័ន្ធពហុភាគីនិយម ដោយផ្អែកលើវិធានច្បាប់ ក្នុងការកសាងសណ្តាប់ធា្នប់អន្តរជាតិ និងតម្លៃនៃសន្តិភាព និងស្ថិរភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/16/2019 12:47:02 AM )

ប៊ែលក្រាត៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានលើកឡើងពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ ដោយផ្អែកលើ វិធានច្បាប់ និងជម្រុញការពង្រឹងប្រព័ន្ធពហុភាគី ក្នុងការកសាងសណ្តាប់ធា្នប់អន្តរជាតិសម្រាប់រដ្ឋទាំងអស់ ដោយមិនគិតពីទំហំទ្រព្យ សម្បត្តិ និងកម្លាំងរបស់រដ្ឋនីមួយៗ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសនៃការថ្លែងសុន្ទរកថារបស់លោកជំទាវទៅកាន់អ្នកចូលរួម មានគណៈប្រតិភូសភាប្រទេសជា សមាជិកIPU ក្នុងនោះមានប្រធានសភា អនុប្រធាន តំណាងរាស្រ្តជាស្រ្តី និងវ័យក្មេង ព្រមទាំងតំណាងស្ថាប័នសំខាន់ៗ មានអង្គការ សហប្រជាជាតិ អង្គការអន្តរជាតិ និងដៃគូសង្គមស៊ីវិលសំខាន់ៗ នាអង្គមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភាIPU នៅសាធារណរដ្ឋស៊ែប៊ី នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

លោកជំទាវបានគូសបញ្ជាក់ថា ប្រទេសនីមួយៗមាននូវប្រពៃណី ផលប្រយោជន៍សន្តិសុខ និងបំណងប្រាថ្នារបស់គេផ្ទាល់ខ្លួន។ ដោយឡែក ចំពោះប្រទេសកម្ពុជា បើទោះបីជារដ្ឋតូចមួយក៏ដោយ ក៏កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវតម្លៃ និងគោលការណ៍អន្តរជាតិ ហើយបានប្តេជ្ញាចិត្ត និងធ្វើការងារយ៉ាងសកម្មក្នុងការជម្រុញនូវប្រព័ន្ធពហុភាគី ដែលមានភាពបើកចំហ បរិយាប័ន្ន មានប្រសិទ្ធិភាព និងដោយផ្អែកលើវិធានច្បាប់។

មហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា(IPU) នាពេលនេះ មានការចូលរួមពីគណៈប្រតិភូសភាប្រទេសជាសមាជិកIPU ប្រមាណជាង១៧០០នាក់ មកពី១៤០ប្រទេស ក្នុងនោះមានប្រធានសភា៧០រូប អនុប្រធាន៤០រូប តំណាងរាស្រ្ត៧០០នាក់ ជាស្រ្តី៣០% និងវ័យក្មេង១៧% ព្រមទាំងតំណាងស្ថាប័នសំខាន់ៗ មានអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងដៃគូសង្គមស៊ីវិល មកពីបណ្តា ប្រទេសពាសពេញពិភពលោកជាច្រើនទៀត។

ក្នុងសុន្ទរកថា លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានគូសបញ្ជាក់ថា មូលបទនៃមហាសន្និបាតលើកទី១៤១ របស់សហភាព អន្តរសភានាឆ្នាំនេះ គឺទាន់ពេលវេលា និងសមស្របសម្រាប់ហេតុផលជាក់ស្តែង ដែលសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់កំពុង រងការវាយប្រហារនាពេលបច្ចុប្បន្ន ដោយសារតែការកើនឡើងនូវឯកតោភាគីនិយម គាំពារនិយម និងនយោបាយ និងការប្រជែងគ្នា នៃមហាអំណាច។ ជាការពិតបញ្ហាប្រឈមពិភពលោកដែលមិនធា្លប់មានពីមុនមកនេះ កំពុងតែគំរាមកំហែងធ្វើការរុះរើនូវមូលដ្ឋានគ្រឹះ នៃប្រព័ន្ធពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិ ដោយបំពានលើធម្មនុញ្ញរបស់ អ.ស.ប ដែលពិភពលោកបានខិតខំកសាងឡើង យ៉ាងលំបាក និងបានអនុវត្តរយៈពេល៧០ឆ្នាំ កន្លងមកនេះ។

លោកជំទាវ បានជម្រាបជូនអង្គមហាសន្និបាត ដោយបានសង្កត់ធ្ងន់ថា “ការពង្រឹងច្បាប់អន្តរជាតិចាប់ផ្តើមពីផ្ទះ!”។ ជាក់ស្តែងនៅកម្រិត ថ្នាក់ជាតិ ប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តខាងនយោបាយដ៏រឹងមាំ និងច្បាស់លាស់ ដើម្បីពង្រឹងនីតិរដ្ឋ ដែលជាមូលដ្ឋានគ្រឹះនៃអភិបាល- កិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យធន់មាំ។ ជាការពិត នៅក្នុងការបោះឆ្នោតជាតិចុងក្រោយ នៅខែកក្កដា ឆ្នាំ២០១៨ មានគណបក្ស នយោបាយចំនួន២០ផ្សេងគ្នា បានចូលរួមប្រកួតប្រជែងសម្រាប់អាសនៈនៅក្នុងរដ្ឋសភា។ ដូចនេះកម្ពុជាពិតជាមានមោទនភាពចំពោះ ការរីកលូតលាស់នៃដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលប្រកបដោយស្ថិរភាព។ លោកជំទាវមានជំនឿយ៉ាងមុតមាំថា សនិ្តភាព ការអភិវឌ្ឍ ប្រជាធិបតេយ្យ និងនីតិរដ្ឋ មានទំនាក់ទំនងតភ្ជាប់គ្នាយ៉ាងជិតសិ្នទ្ធ ហើយគ្មាននោះទេ សន្តិភាព និងសន្តិសុខ យូរអង្វែង បើគ្មានច្បាប់អន្តរជាតិ។

លោកជំទាវ បានចែករំលែកពីសន្តិភាពដែលកម្ពុជាកំពុងទទួលបានដ៏ត្រចះត្រចង់នាពេលបច្ចុប្បន្ននេះ គឺដោយសារកម្ពុជាឱ្យតម្លៃទៅលើ សន្តិភាព ស្ថិរភាពពេញលេញ ព្រមជាមួយកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងតំបន់ និងអន្តរជាតិ ដែលជាកត្តាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ និងបន្តផ្តល់ឱ្យកម្ពុជាទទួលបាននូវកំណើនសេដ្ឋកិច្ចថេរ ៧% ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ។

លោកជំទាវ ក៏បានសម្តែងនូវការព្រួយបារម្ភផងដែរ ចំពោះសន្តិភាព ស្ថិរភាព ដែលកម្ពុជារកបានដោយលំបាកមកទល់ពេលនេះ ហាក់បីដូចជានៅតែផុយស្រួយ និងងាយរងគ្រោះ ដោយសារតែជួបប្រទះនឹងបញ្ហាប្រឈម ដែលមានឬសគល់ពីការកើនឡើង នៃនយោបាយជ្រុលនិយម និងអ្នកនយោបាយប្រជាភិថុត ក៏ដូចជាការជ្រាតចូលពីប្រទេសមហាអំណាច រួមមានប្រទេសលោកខាងលិច មួយចំនួន ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

លោកជំទាវបានគូសបញ្ជាក់ថា បើទោះបីជាប្រទេសរបស់យើងកំពុងរងសម្ពាធពីការគំរាមកំហែង ដែលត្រូវបានដាក់ទណ្ឌកម្មតាមរយៈ ការប្រើប្រាស់លេសនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហររួមជាមួយប្រជាជនកម្ពុជា គ្រប់កាលៈទេសៈទាំងអស់។

លោកជំទាវ បានលើកឡើងបន្ថែម អំពីតួនាទីដ៏សំខាន់របស់អ្នកតំណាងរាស្រ្តក្នុងការផ្សារភ្ជាប់ប្រជាជន រវាងប្រជាជនជាមួយអ្នកបង្កើត គោលនយោបាយ ជាពិសេសទាក់ទងនឹងការបង្កើតគោលនយោបាយការបរទេស និងការឆ្លើយតបជាយុទ្ធសាស្ត្រ ចំពោះការផ្លាស់ប្តូរ ខាងក្រៅ។

ជាមួយនឹងការលើកឡើងនេះ លោកជំទាវ បានជម្រាបជូនអង្គមហាសន្និបាត អំពីការចូលរួមរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ក៏ដូចជាការលើកកម្ពស់បទដ្ឋាន និងគោលការណ៍នៃសណ្តាប់ធា្នប់អន្តរជាតិដោយផ្អែកលើច្បាប់ ដោយសភាកម្ពុជាបានចូលរួម យ៉ាងសកម្មក្នុងវេទិកាជាច្រើន ទាំងថ្នាក់តំបន់ និងអន្តរជាតិ។

លោកជំទាវ បានបន្ថែមថា ឆ្នាំ២០២០ខាងមុខ កម្ពុជានឹងមានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ក្នុងគោលបំណងពង្រឹងពហុភាគីនិយម និងភាពជាដៃគូរសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនរួមគ្នា។ កម្ពុជាបានប្រកាន់ យកនូវគោលនយោបាយការបរទេសមួយដែលបត់បែន និងប្រាកដប្រជា ក្រោមទិសស្លោក “កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យភាព” ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

សូមជម្រាបដែរថា សហភាពអន្តរសភា(IPU) ជាអង្គការនីតិប្បញ្ញត្តិធំមួយ បង្កើតឡើងក្នុងឆ្នាំ១៨៨៩ ដែលមានសមាជិក ជាសភាមកពីរដ្ឋ អធិបតេយ្យចំនួន១៧៩។ សភាកម្ពុជាចូលជាសមាជិកIPU ក្នុងខែមេសា ឆ្នាំ១៩៩៧ នៅសន្និសីទអន្តរសភាលើកទី៩៧ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

IPU ជាអង្គការនយោបាយពហុភាគីដំបូងគេ នៅលើពិភពលោក ដែលជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនារវាងប្រជាជាតិ ទាំងអស់។ IPU បានលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជួយសភាឱ្យកាន់តែរឹងមាំ មានតុល្យភាពយេនឌ័រ មានការចូលរួមពីសមាជិក សភាដែលមានវ័យក្មេង និងមានលក្ខណៈចម្រុះ។ ពីរដងក្នុងមួយឆ្នាំ IPU កោះប្រជុំប្រតិភូសភា និងដៃគូជាង ១.៥០០នាក់ នៅក្នុង សន្និបាតពិភពលោកដោយនាំមកនូវវិមាត្រសភាដល់អភិបាលកិច្ចពិភពលោក រួមទាំងការងាររបស់អង្គការសហប្រជាជាតិ និងការអនុវត្ត របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន