សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន។
កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤ ប្រារព្ធធ្វើក្រោមមូលបទ “ឧត្តមភាពកាន់តែខ្ពង់ខ្ពស់សម្រាប់តំបន់យូរ៉ាស៊ា: កិច្ចសន្ទនា ទំនុកចិត្ត និងភាពជាដៃគូ” ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានប្រតិភូថ្នាក់ដឹកនាំសភាក្នុងតំបន់អាសុី និងអឺរ៉ុប ប្រមាណ៦០ប្រទេសចូលរួម ព្រមទំាងមានវត្តមាន អង្គការអន្តរជាតិ និងអន្តរសភាជាច្រើនទៀត។
កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប បានផ្តួចផ្តើមបង្កើតឡើងដោយ សភាឌូម៉ា សហព័ន្ធរុស្ស៊ី និងរដ្ឋសភាសាធារណរដ្ឋកូរ៉េ ហើយក៏ជា វេទិកាអន្តរសភាដ៏មានសារៈសំខាន់មួយ សម្រាប់ការពិភាក្សាលើប្រធានបទនៃកិច្ចសហប្រតិបត្តិការ រវាងតំណាងប្រជាពលរដ្ឋក្នុងតំបន់ អាស៊ី និងអឺរ៉ុប ដើម្បីផ្លាស់ប្តូរទស្សនៈ យោបល់ ក្នុងការការពារផលប្រយោជន៍ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាព សង្គម នៅក្នុងតំបន់ក៏ដូចជាពិភពលោកទំាងមូល។
កំឡុងពេលចូលរួមកិច្ចប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គ្រោងជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានរដ្ឋសភា នៃប្រទេសមួយចំនួនទៀត ក្នុងការពង្រឹងពង្រីកវិស័យការទូតសភា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាព រវាងព្រះរាជា- ណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត ទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
សូមជម្រាបថា កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី១ បានប្រារព្ធធ្វើឡើងនៅប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០១៦ លើកទី២ ធ្វើឡើងនៅ សាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០១៧ និងលើកទី៣ ធ្វើឡើងនៅប្រទេសទួរគី ក្នុងឆ្នាំ២០១៨។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនធ្លាប់បានអញ្ជើញចូលរួមកិច្ចប្រជុំ លើកទី១ នៅប្រទសរុស្ស៊ី និងលើកទី២ នៅសាធារណរដ្ឋកូរ៉េ ផងដែរ។
គណៈប្រតិភូអមដំណើរសម្តេចប្រធានរដ្ឋសភា ចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប នាពេលនេះមាន ឯកឧត្តម ឈាង វុន ប្រធាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។ ឯកឧត្តម ជា វ៉ាន់ដេត ប្រធាន គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា។ ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន