ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសុខាភិបាលរដ្ឋសភា ជំរុញសេវាព្យាបាលរបស់រដ្ឋក្នុងខេត្តត្បូងឃ្មុំ ឱ្យមានការប្រកួតប្រជែងគុណភាពជាមួយមន្ទីរពេទ្យឯកជន
គណៈកម្មការសុខាភិបាលរដ្ឋសភា ជំរុញសេវាព្យាបាលរបស់រដ្ឋក្នុងខេត្តត្បូងឃ្មុំ ឱ្យមានការប្រកួតប្រជែងគុណភាពជាមួយមន្ទីរពេទ្យឯកជន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/5/2019 8:46:36 PM )

នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ អាជ្ញាធរខេត្តត្បូងឃ្មុំ និងមន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាលនោះ ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា លោកជំទាវ ឡោក ខេង បានស្នើដល់អាជ្ញាធរ និងមន្រ្តីសុខាភិបាលយកចិត្តទុកដាក់ ពង្រឹងសេវាព្យាបាលតាមមន្ទីរពេទ្យរដ្ឋ មណ្ឌលសុខភាព ក្នុងការ ព្យាបាលពលរដ្ឋឲ្យមានប្រសិទ្ធិភាព។

លោកជំទាវបានស្នើសុំឱ្យអង្គភាពព្យាបាលរបស់រដ្ឋ មានការប្រកួតប្រជែងគុណភាពជាមួយការព្យាបាលរបស់មន្ទីរពេទ្យឯកជន ដើម្បីធ្វើ ឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត កក់ក្តៅលើការព្យាបាលជាមួយមន្ទីរពេទ្យរដ្ឋ ស្របតាមការខិតខំ និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។ ប្រធានគណៈកម្មការជំនាញរដ្ឋសភា បានលើកឡើងថា ដើម្បីឱ្យពលរដ្ឋទទួលបានសេវាព្យាបាលប្រកបដោយគុណភាព និងមិនអស់ ប្រាក់ រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើន ដូចជាការប្រើប្រាស់សេវាបេឡាជាតិរបបសន្តិសុខសង្គម ដែលហៅកាត់ថា (បសស) និងប័ណ្ណសមធម៌ ជាដើម។

ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា បានលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាករងារជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ត្បូងឃ្មុំ និងសហការី ខណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភាខាងលើ ចុះបំពេញបេសកកម្មនៅក្នុងខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា ខេត្តត្បូងឃ្មុំ មានមន្ទីរពេទ្យបង្អែកចំនួន៦ មណ្ឌលសុខភាពចំនួន៦៨ និង២ទៀត កំពុងសាងសង់។ ចំណែកសេវាសុខាភិបាលឯកជនមានចំនួន៧៩៩កន្លែង។ ថ្នាក់ដឹកនាំខេត្តបានគូសបញ្ជាក់ថា សេវាសុខាភិបាលបាន ខិតជិតលំនៅដ្ឋានរបស់ពលរដ្ឋ ធ្វើឱ្យពួកគាត់ងាយស្រួលទទួលបានសេវាព្យាបាលគ្រប់ពេលវេលា។

លោកជំទាវ ឡោក ខេង បានស្នើដល់អាជ្ញាធរជួយផ្សព្វផ្សាយ ពីការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម និងប័ណ្ណសមធម៌ ក្នុងការព្យាបាលជំងឺ។ ការប្រើប្រាស់ប័ណ្ណទំាងនេះ មានសារៈសំខាន់ណាស់ចំពោះពលរដ្ឋ ពីព្រោះជាសេវាដែលមិនគិតប្រាក់។ នេះជាការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។

បន្ទាប់ពីជួបពិភាក្សាជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំរួចមក គណ:ប្រតិភូសភាបានបន្តដំណើរចុះមើលមណ្ឌលសុខភាពសួង មន្ទីរពេទ្យបង្អែក ព្រះនរោត្តមសីហនុត្បូងឃ្មុំ សង្វាក់ផលិតកម្មក្រុមហ៊ុនចំការកៅស៊ូសុភក្តិនីកាអ៊ិនវេសមេនហ្គូបកូអិលធីឌីនៅជប់ និងចុះមើលសំណង់ មន្ទីរពេទ្យក្នុងខេត្តត្បូងឃ្មុំ ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិនផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន