ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា ជួបប្រជុំជាមួយក្រសួងការពារជាតិ ដើម្បីពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី
គណៈកម្មការរដ្ឋសភា ជួបប្រជុំជាមួយក្រសួងការពារជាតិ ដើម្បីពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/4/2019 12:04:28 AM )

គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ សហការ ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ ព្រមទាំងមានការចូលរួមពីតំណាងគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំជាមួយ សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសហការី ដើម្បីពិនិត្យពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់ អង្គការហាមឃាត់អាវុធគីមី នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការនៃរដ្ឋសភា ពីគោលបំណងនៃកិច្ចព្រមព្រៀងនេះដែលផ្ដល់ឲ្យកម្ពុជាទទួលបាននូវសារៈប្រយោជន៍ជាច្រើន មានដូចជា ទទួលបានជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាព។ ធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការហាមឃាត់អាវុធគីមី ដើម្បីសម្អាតកាកសំណល់សារជាតិអាវុធគីមី ដែល បានបន្សល់ទុកក្នុងប្រទេសកម្ពុជា នាសម័យសង្គ្រាមទសវត្សរ៍៦០ និងទសវត្សរ៍៧០។ ហាមឃាត់ និងទប់ស្កាត់ ឧក្រិដ្ឋកម្មឆ្លងដែន នៃសារធាតុគីមីនៅលើទឹកដីប្រទេសកម្ពុជា។ ចូលរួមជាមួយសហគមន៍ក្នុងតំបន់ សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ក្នុងការ ធ្វើឱ្យពិភពលោកទាំងមូលមានសុវត្ថិភាពពីការរីកសាយភាយនៃសាធាតុគីមី ស្របតាមមាត្រា៥៤ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា។

សម្ដេចពិជ័យសេនា ក៏បានជម្រាបជូនពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើកិច្ចការនេះ ដោយអាជ្ញាធរជាតិអាវុធគីមីកម្ពុជាបាន ធ្វើទំនាក់ទំនងល្អ មានកិច្ចសហប្រតិបត្តិការយ៉ាងរលូន និងមានប្រសិទ្ធភាព ជាមួយអង្គការហាមឃាត់អាវុធគីមី ក្នុងការសិក្សាវិភាគ និងលើគោលបំណងនៃមាត្រានីមួយៗ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ដោយមិនមានផលប៉ះពាល់ដល់ច្បាប់គោលនយោបាយ និងសារៈប្រយោជន៍របស់ប្រទេសជាតិឡើយ។

សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី មាន៣មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រី សម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ និងបញ្ជូនមកស្នើសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។

បន្ទាប់ពីបានស្ដាប់ការបកស្រាយរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ រួចមក ឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៍ថា បន្ទាប់ពី សម្តេចពិជ័យសេនា និងសហការី បានធ្វើការបកស្រាយទៅលើចំណុចនានាដែលគណៈកម្មការជំនាញនៃរដ្ឋសភា បានសាកសួររួចមក ហើយនេះ គណៈកម្មការជំនាញនៃរដ្ឋសភា សូមសម្តែងនូវការគាំទ្រលើសេចក្តីព្រាងច្បាប់នេះ ហើយសម្រេចថានឹងបញ្ជូនសេចក្តីព្រាង ច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីចាត់ចែងទៅតាមនីតិវិធីបន្តទៀតរបស់រដ្ឋសភា។

សូមជម្រាបថា កម្ពុជាជាសមាជិកអង្គការហាមឃាត់អាវុធគីមី ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៣ ដោយបាន ផ្ដល់សច្ចាប័ននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៥ និងបានចូលជាធរមាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៥។ ចំពោះកិច្ចព្រមព្រៀងរវាង ព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី កម្ពុជាបាន ចុះហត្ថលេខារួចហើយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។ រីឯនីតិវិធីបន្តគឺការផ្ដល់សច្ចាប័នដើម្បីឲ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមាន នៅពេលដែលកម្ពុជាបានតម្កល់ទុកលិខិតូបករណ៍នៃការផ្ដល់សច្ចាប័នជាមួយអង្គការហាមឃាត់អាវុធគីមី។

កន្លងមកប្រទេសដែលជារដ្ឋភាគីជាមួយអង្គការហាមឃាត់អាវុធគីមី មានចំនួន១៩៣ប្រទេស។ ប្រទេសដែលបានចុះកិច្ចព្រមព្រៀង មាន ចំនួន៥៦ ក្នុងនោះប្រទេសចំនួន៥៥ បានចុះហត្ថលេខា ប៉ុន្តែបានផ្ដល់សច្ចាប័ន មានចំនួន៤១ប្រទេស។ ដោយឡែកនៅក្នុងអាស៊ាន ប្រទេសដែលបានចុះកិច្ចព្រមព្រៀងមានចំនួន៥គឺ កម្ពុជា ឡាវ ហ្វីលីពីន ថៃ និងវៀតណាម។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន